ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាជាតិផែនការ និងស្ថិតិ

សាលាជាតិផែនការ និងស្ថិតិ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាជាតិផែនការ និងស្ថិតិ បានទទួលបដិសណ្ឋារកិច្ចវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ក្នុងឱកាសនៃការចុះជួប សំណេះសំណាលផ្ទាល់ដើម្បីសួរសុខទុក្ខ សិក្សាការងារ និងត្រួតពិនិត្យអគារសាលាជាតិផែនការ និងស្ថិតិ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុកសាលាជាតិផែនការ និងស្ថិតិ អគ្គនាយកនៃអគ្គនាយក ដ្ឋានកិច្ចការទូទៅ នាយកសាលា នាយករង និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃសាលាជាតិផែនការ និងស្ថិតិ ដែលជាអង្គភាព ក្រោមឱវាទរបស់ក្រសួងផែនការ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បណ្ឌិត ទ្រី សុធារិទ្ធ នាយកសាលាជាតិផែនការ និងស្ថិតិ បានធ្វើបទបង្ហាញសង្ខេប អំពីដំណើរការការងារ និងលទ្ធផល ដែលសាលាជាតិផែនការ និងស្ថិតិ សម្រេចបាននាពេលកន្លងមក គោរពនិងរាយការណ៍ជូន ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្នុងកម្មវិធីទាំងមូល។

មានប្រសាសន៍ក្នុងកម្មវិធី ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវចំណាប់អារម្មណ៍ និងលើកទឹកចិត្តចំពោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃសាលាជាតិផែនការ និងស្ថិតិ ឱ្យបន្តខិតខំប្រឹងប្រែងអនុវត្តការងារក្នុងតួនាទីនិងភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីបុរេសកម្ម និងផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីសិក្សា និងអត្ថប្រយោជន៍ចំពោះសិស្ស-និស្សិត ក្នុងការចាប់យកជំនាញពាក់ព័ន្ធផែនការ និងស្ថិតិ សម្រាប់ការងារនាពេលអនាគត។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានប្រសិទ្ធពរជ័យនិងជូនពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ សូមសមប្រកបតែនឹងជោគជ័យគ្រប់ភារកិច្ច និងមានសុខសុវត្ថិភាពរាល់ការធ្វើដំណើរទីជិតទីឆ្ងាយ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ។

ប្រភព៖ Facebook ក្រសួងផែនការ

Leave a Reply

Your email address will not be published. Required fields are marked *